
អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យការរៀបចំ ជួសជុលកែលម្អ អនាម័យ បរិស្ថាន និងសោភ័ណភាព នៅសាលារៀនក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវសកម្មភាពរៀបចំ ជួសជុលកែលម្អ អនាម័យ បរិស្ថាន និងសោភ័ណភាព នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យអូរដេកា ស្ថិតក្នុងភូមិអូរដេកា ឃុំប្រម៉ោយ ស្រុកវាលវែង និងអនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។ ការចុះពិនិត្យនាឱកាសនោះ ធ្វើឡើងក្នុងគោលបំណងជំរុញការរៀបចំបរិវេណសាលារៀនឱ្យមានអនាម័យ បរិស្ថានបៃតង និងសោភ័ណភាពស្រស់ស្អាត ដើម្បីបង្កើតបរិយាកាសសិក្សាប្រកបដោយសុខុមាលភាព សុវត្ថិភាព និងភាពទាក់ទាញដល់សិស្សានុសិស្ស ក៏ដូចជាលោកគ្រូ-អ្នកគ្រូ។ ក្នុងសកម្មភាពនេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរដែនដី និងគណៈគ្រប់គ្រងសាលា ឱ្យបន្តយកចិត្តទុកដាក់លើការគ្រប់គ្រងសំរាម ការដាំដើមឈើ និងផ្កាលម្អ ព្រមទាំងការជួសជុលថែទាំហេដ្ឋារចនាសម្ព័ន្ធសាលារៀនឱ្យបានមាំទាំ និងមានរបៀបរៀបរយជាប្រចាំ៕ សាយយ័ន្ដ វុន្នីយ៉ា











