
អភិបាលខេត្តកែប និងរដ្ឋលេខាធិការក្រសួងរៀបចំដែនដី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមការងារវិស័យអប់រំ យុវជន និងកីឡា
កែប៖ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមការងារវិស័យអប់រំ យុវជន និងកីឡា នៅសាលប្រជុំក្រុមប្រឹក្សាខេត្តកែប។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការអភិវឌ្ឍវិស័យអប់រំ ដោយណែនាំឱ្យគ្រប់សាលារៀនយកចិត្តទុកដាក់លើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានសិក្សាឱ្យបានល្អប្រសើរ ដើម្បីបង្កើតបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព អនាម័យ និងភាពសមរម្យសម្រាប់សិស្សានុសិស្ស។ ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យយកចិត្តទុកដាក់ជាពិសេសលើអនាម័យក្នុងបន្ទប់ទឹក និងបរិវេណសាលារៀន ព្រមទាំងធានាឱ្យមានការសម្អាត និងថែទាំជាប្រចាំ។ ការរៀបចំបរិស្ថានសាលារៀនឱ្យបានល្អ នឹងរួមចំណែកបង្កើតបរិយាកាសកក់ក្តៅ សុវត្ថិភាព និងជំរុញចំណាប់អារម្មណ៍របស់សិស្សានុសិស្សក្នុងការមកសិក្សា។









