
មានផ្លូវមានសង្ឃឹម គឺផ្លូវបង្កើតសង្ឃឹម ផ្លូវបង្កើតឱកាស ផ្លូវបង្កើតអនាគត និងកសាងបន្ថែមទៀត ដែលនេះជាមូលដ្ឋានយ៉ាងសំខាន់នៃការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់របស់រាជរដ្ឋាភិបាលកម្ពុជា ។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញចូលរួមពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨ គ.ម ដែលបានតភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ នៅក្នុងទិដ្ឋភាពសេដ្ឋកិច្ច និងសង្គម ផ្លូវជាតិនេះបាននិងកំពុងបម្រើដល់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុងរបស់កម្ពុជាឱ្យកាន់តែមានភាពប្រទាក់ក្រឡា ជាពិសេសបម្រើដល់ការដឹកជញ្ជូនផ្សេងៗ ដូចជា ផលិតផលទំនិញ ផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម និងការធ្វើដំណើរឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋ ។ ជាងនេះទៅទៀត ផ្លូវនេះបាននិងកំពុងរួមចំណែកលើកកម្ពស់សក្តានុពលទេសចរណ៍នៅតាមបណ្តោយផ្លូវជាតិនេះ ដែលសម្បូរទៅដោយទេសភាពធម្មជាតិដ៏ទាក់ទាញ តំបន់ជ្រោះភ្នំ ជ្រលង ដងអូរជាច្រើន ដែលបងប្អូនប្រជាពលរដ្ឋភាគច្រើនមិនធ្លាប់បានមកដល់ទីនេះពីមុនមក ៕ ខេត្តពោធិ៍សាត់, ព្រឹកថ្ងៃព្រហស្បតិ៍ ទី១ តុលា ២០២៦









