
ថ្នាក់ដឹកនាំខេត្តជំរុញអោយអាជ្ញាធរពាក់ព័ន្ធចូលរួមពង្រឹងសុវត្ថិភាពសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ
លោក លី សាវេត អភិបាលខេត្តស្តីទី បានជំរុញអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើនការយកចិត្តទុកដាក់ក្នុងការចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាពតាមទីសាធារណៈ សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងវិស័យទេសចរណ៍ក្នុងខេត្តកែប អោយកាន់តែមានភាពកក់ក្តៅ។ លោក លើកឡើងបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែមិថុនា និងឆមាសទី១ និងលេីកទិសដៅការងារអនុវត្តបន្ត របស់រដ្ឋបាលខេត្តកែប នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ សាលប្រជុំសាលាខេត្តកែប។ លោកអភិបាលខេត្តស្តីទី មានប្រសាសន៍ថា៖សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់តាមទីសាធារណ: គឺជាគ្រឹះដ៏សំខាន់មិនអាចខ្វះបានក្នុងការធានានូវការរស់នៅដោយសុខសាន្ត ភាពរីកចម្រើនខាងផ្នែកសេដ្ឋកិច្ច និងការលើកកម្ពស់មុខមាត់សង្គមជាតិ កន្លងមក ខេត្តកែប ក្រោមការណែនាំនិងយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បាននិងបន្តយុទ្ធនាការចុះពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅតាមទីសាធារណៈយ៉ាងសកម្ម ជាពិសេសនៅតាមតំបន់រមណីយដ្ឋានទេសចរណ៍ ដើម្បីធានាបាននូវបរិយាកាសរស់នៅ និងកម្សាន្តប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាពខ្ពស់។ អត្ថបទ៖ លោក ហាន ឆន











