
ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញជួបសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋចំនួន ៣០នាក់ ដែលត្រូវចូលបំពេញកាតព្វកិច្ចយោធា ឆ្ពោះទៅកាន់សាលាហ្វឹកហ្វឺនកងទ័ព
ខេត្តកែប៖ នាព្រឹកថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋចំនួន ៣០នាក់ ដែលត្រូវចូលបំពេញកាតព្វកិច្ចយោធា ដើម្បីធ្វើដំណើរទៅកាន់សាលាហ្វឹកហ្វឺនកងទ័ព សម្រាប់ទទួលការបណ្តុះបណ្តាល និងហ្វឹកហ្វឺនជំនាញយោធាដែលមានរយៈពេលពីរឆ្នាំ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីស្នេហាជាតិ ឆន្ទៈ និងការតាំងចិត្តរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមអនុវត្តកាតព្វកិច្ចជាពលរដ្ឋខ្មែរ ក្នុងការចូលបម្រើក្នុងជួរកងទ័ព ដើម្បីរួមចំណែកក្នុងបុព្វហេតុការពារជាតិមាតុភូមិ ការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។ ឆ្លៀតក្នុងឱកាសនោះឯកឧត្តមបានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ និងហ្វឹកហ្វឺនឱ្យបានល្អ គោរពវិន័យ បទបញ្ជា និងការណែនាំរបស់ថ្នាក់ដឹកនាំ ព្រមទាំងគ្រូបង្គោលនៅសាលាហ្វឹកហ្វឺន។ ជាពិសេស ត្រូវមានស្មារតីអត់ធ្មត់ តស៊ូ សាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីក្លាយជាកងទ័ពដែលមានសមត្ថភាព ចំណេះដឹង ជំនាញ និងសីលធម៌ល្អ។






