
រដ្ឋបាលខេត្តកណ្តាល សហការជាមួយអង្គការដើម្បីកុមារ ជំរុញការផ្សព្វផ្សាយច្បាប់ប្រឆាំងអំពើជួញដូរមនុស្ស និងការរំលោភបំពានកុមារតាមប្រព័ន្ធអនឡាញ ជូនដល់នាយសាលា ដើម្បីពង្រឹងសុវត្ថិភាពកុមារនៅតាមសាលារៀន
លោកជំទាវអភិបាលរងខេត្ត បានជំរុញឱ្យមន្ទីរអប់រំ និងគណៈគ្រប់គ្រងសាលារៀន បន្តផ្សព្វផ្សាយចំណេះដឹងផ្នែកច្បាប់ និងផលប៉ះពាល់នៃអំពើជួញដូរមនុស្ស ការរំលោភបំពានលើស្ត្រី និងកុមារ អំពើហិង្សា គ្រឿងញៀន និងបទល្មើសផ្សេងៗ ដើម្បីឱ្យសិស្សានុសិស្សចេះការពារខ្លួន និងដឹងពីវិធីស្វែងរកជំនួយនៅពេលជួបប្រទះបញ្ហា។ លោកជំទាវអភិបាលរងខេត្ត ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ក្នុងការសហការជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាប និងចាត់វិធានការតាមច្បាប់ចំពោះជនល្មើស សំដៅធានាសុវត្ថិភាព និងការពារសិទ្ធិរបស់ប្រជាពលរដ្ឋ ជាពិសេសកុមារ។










