
អភិបាលខេត្តកណ្តាល លើកទឹកចិត្តដល់កីឡាករ កីឡាការិនី ទាំង៣៥៤នាក់ ដែលត្រៀមប្រកួតកីឡាជាតិលើកទី៥ ត្រូវប្តេជ្ញាដណ្តើមមេដាយ និងកិត្តិយសជូនខេត្ត
ឯកឧត្តម គួច ចំរើន បានសម្តែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះការខិតខំប្រឹងប្រែងរបស់គណៈប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនីទាំងអស់ ដែលបានចំណាយពេលវេលា និងកម្លាំងកាយចិត្តក្នុងការហ្វឹកហាត់ ត្រៀមខ្លួនសម្រាប់ការប្រកួតដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ក្នុងការប្រកួតកីឡាជាតិកន្លងមក ខេត្តកណ្តាលធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ និងលេខ៤ ក្នុងចំណោមរាជធានី-ខេត្តទូទាំងប្រទេស។ ដោយឡែក ក្នុងការប្រកួតកីឡាជាតិជនពិការចំនួន២លើកកន្លងទៅ ខេត្តកណ្តាលទទួលបានចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសទាំងពីរលើក ដែលជាសមិទ្ធផលដ៏គួរឱ្យមោទនភាព និងបង្ហាញពីសក្តានុពលនៃវិស័យកីឡាក្នុងខេត្ត។









