
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានផ្ដាំផ្ញើដល់យុវជនស្ម័គ្រចិត្ត ទៅបំពេញកាតព្វកិច្ចយោធានៅសាលាហ្វឹកហ្វឺនខេត្តកំពង់ឆ្នាំង ថា៖ «មនុស្សយើងមិនត្រូវខ្លាចឧបសគ្គទេ ឧបសគ្គក៏ជាឱកាស គ្មានឧបសគ្គ គ្មានឱកាសតស៊ូ គ្មានភាពលត់ដំ ហើយក៏គ្មានភាពរឹងមាំឡើយ។ ឆ្លងកាត់ឧបសគ្គតូច រឹងមាំតិច ឧបសគ្គធំ រឹងមាំខ្លាំង»។
ឯកឧត្តម គួច ចំរើន បន្ថែមថា៖ នៅក្នុងរយៈពេល ២ ឆ្នាំនៃការរស់នៅ និងហ្វឹកហាត់សាលា ក្មួយៗអាចនឹងជួបការលំបាកខ្លះដោយត្រូវគោរពវិន័យម៉ឺងម៉ាត់ លត់ដំកាយសម្បទា និងការរស់នៅជាក្រុម។ ទោះជាយ៉ាងណា ក្នុងរយៈពេល ២ ឆ្នាំនេះ វានឹងជួយឱ្យក្មួយៗទាំងអស់ជៀសផុតពីសកម្មភាពក្មេងទំនើង និងជៀសផុតពីហានិភ័យនៃបញ្ហាគ្រឿងញៀនយ៉ាងពិតប្រាកដ ដោយទទួលបានមកវិញនូវរាងកាយមាំមួន ស្មារតីរឹងប៉ឹង សតិអារម្មណ៍ល្អ និងចំណេះដឹងខាងផ្នែកយោធា។









