
សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១០:២៤នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ស្ថិតនៅឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក យោធាថៃបាននឹងកំពុងបន្តធ្វើសកម្មភាពដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់នៅតំបន់ច្រកអានសេះ សកម្មភាពទាំងនេះបានធ្វើឱ្យប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាចំនួន ១,១១៤នាក់ ស្មើនឹង ៣៥៧ គ្រួសារ (ស្ត្រី ៧១១នាក់) និងកុមារចំនួន ៥៩៧នាក់ មិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានពួកគេវិញបាននៅឡើយ







