
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការអនុវត្តច្បាប់ត្រូវចាប់ផ្តើមពីមន្ត្រីនគរបាលជាមុន និងត្រៀមចុះត្រួតពិនិត្យស្លាកលេខក្លែងក្លាយ និងយានយន្តអត់ពន្ធ
កែប៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យមន្ត្រីនគរបាល និងកងកម្លាំងមានសមត្ថកិច្ច ត្រូវធ្វើជាគំរូក្នុងការគោរព និងអនុវត្តច្បាប់ ដោយការអនុវត្តវិន័យ និងច្បាប់ត្រូវចាប់ផ្តើមពីមន្ត្រីនគរបាលជាមុនសិន មុននឹងចុះអនុវត្តចំពោះប្រជាពលរដ្ឋ។ ប្រសាសន៍ណែនាំបែបនេះ ត្រូវបានលើកឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារឃុំឃាំង អគាររដ្ឋបាល និងសមិទ្ធផលនានា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមជាមួយ លោក ជំទាវ កែ សួនសុភី នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ។









