
ឯកឧត្តម សាយ សំអាល់ ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិស័យទេសចរណ៍ ព្រមទាំងការរៀបចំសោភ័ណភាពខេត្តកែបឱ្យកាន់តែមានភាពល្អប្រសើរ
កែប៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប បានជំរុញឱ្យបន្តយកចិត្តទុកដាក់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារសាធារណៈ និងវិស័យទេសចរណ៍ ព្រមទាំងរៀបចំសំណង់ និងលំនៅឋានឱ្យមានសណ្តាប់ធ្នាប់ ស្របតាមបទដ្ឋានបច្ចេកទេស និងផែនការរៀបចំដែនដី ដើម្បីលើកកម្ពស់សោភ័ណភាព និងភាពទាក់ទាញរបស់ខេត្តកែប។ ការជំរុញនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជីវភាពក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប នាព្រឹកថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំធំសេះសសាលាខេត្តកែប ព្រមទាំងមានការអញ្ជើញចូលរួមពីលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមការងារពាក់ព័ន្ធជាច្រើនរូប។





