
ពិធីអភិសេករូបសំណាក់ព្រះវិស្ណុ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ប្រារព្ធឡើងយ៉ាងឱឡារិក ដើម្បីបួងសួងសុំសេចក្តីសុខ និងវិបុលភាពជូនប្រទេសជាតិ
ប៉ៃលិន៖ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអភិសេករូបសំណាក់ព្រះវិស្ណុ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ ពិធីជាប្រវត្តិសាស្ត្រនេះ ត្រូវបានរៀបចំឡើងយ៉ាងឱឡារិកនៅបរិវេណច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្នុងគោលបំណងបួងសួងសុំសេចក្តីសុខ សិរីសួស្តី ជោគជ័យ និងការអភិវឌ្ឍរីកចម្រើនជូនដល់ខេត្តប៉ៃលិន ក៏ដូចជាប្រជាជនទូទាំងព្រះរាជាណាចក្រកម្ពុជា។











