
ផ្លូវបេតុងជុំវិញភ្នំអង្កោល កំពុងដំណើរការសាងសង់ រំពឹងថា ជួយលើកកម្ពស់សក្តានុពលទេសចរណ៍ក្នុងតំបន់សហគមន៍នេសាទ
កែប៖ ការអភិវឌ្ឍផ្លូវបេតុងនៅជុំវិញភ្នំអង្កោល ចូលទៅកាន់សហគមន៍នេសាទអង្កោល ស្ថិតក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប កំពុងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតំបន់សហគមន៍នេសាទអង្កោល។ យ៉ាងណាគិតមកទល់ពេលនេះ គម្រោងសាងសង់ទាំងមូលសម្រេចបានជាង ៦០ភាគរយហើយដែរ។ ផ្លូវមួយខ្សែប្រវែងជាង១គីឡូម៉ែត្រនេះ បានការគិតគូរពីឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប ក្នុងការសម្របសម្រួលជាមួយអង្គការទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគីយេ (TIKA) នៃសាធារណរដ្ឋតួកគី។ តាមរយៈការយកចិត្តទុកដាក់បន្ថែមពី រដ្ឋបាលខេត្តកែប គម្រោងនេះ ត្រូវបានរំពឹងថា នឹងចូលរួមលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាជំរុញវិស័យទេសចរណ៍ក្នុងសហគមន៍ និងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង។









