
ខេត្តកែប និងខេត្តអានយ៉ាង បន្តកិច្ចសហប្រតិបត្តិការរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម
ខេត្តកែប៖ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោក ប៊ុន យោង អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងលោក លេ វ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មាធិការជំនាញខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងចុះហត្ថលេខាលើកំណត់ហេតុបន្តកិច្ចសហប្រតិបត្តិការ ស្តីពីការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា កិច្ចប្រជុំនេះរៀបចំឡើងនៅសាលប្រជុំតូច សាលាខេត្តកែប។ មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក ប៊ុន យោង បានលើកឡើងថា ការចុះហត្ថលេខារវាងខេត្តកែប និងខេត្តអានយ៉ាង គឺជាការបន្តអនុវត្តកិច្ចសហប្រតិបត្តិការសម្រាប់រដូវប្រាំងឆ្នាំ២០២៥-២០២៦ និងពិនិត្យរៀបចំផែនការកិច្ចសហប្រតិបត្តិការបន្តសម្រាប់រដូវប្រាំងឆ្នាំ២០២៦-២០២៧ ដើម្បីធានាឱ្យការអនុវត្តការងាររុករក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលជោគជ័យ។









