
អភិបាលខេត្តកែប ឆ្លៀតពេលថ្ងៃសម្រាកចុងសប្តាហ៍ ចុះដល់ខ្នងផ្ទះសួរសុខទុក្ខ និងជួយគ្រួសារខ្វះខាត
កែប៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកែប បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះចំនួន១៦គ្រួសារ។ ការចុះជួបប្រជាពលរដ្ឋនេះ បានធ្វើឡើងក្នុងឱកាសសម្រាកថ្ងៃចុងសប្តាហ៍ ដែលនេះបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្តចំពោះជីវភាព និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសគ្រួសារដែលមានជីវភាពខ្វះខាត និងត្រូវការការគាំទ្រ។ ក្នុងចំណោមគ្រួសារទាំង១៦ មាន១គ្រួសារជួបការខ្វះខាតខ្លាំង និងមានកូនតូចចំនួន៣នាក់កំពុងសិក្សា។ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បាននាំយកគ្រឿងឧបភោគ បរិភោគ សម្ភារៈសិក្សា សម្លៀកបំពាក់ និងថវិកា ទៅជួយសម្រួលដល់ជីវភាពគ្រួសារ ព្រមទាំងលើកទឹកចិត្តឱ្យកូនៗខិតខំរៀនសូត្រ។ ជាមួយគ្នានេះ ១៥គ្រួសារផ្សេងទៀត ក៏ទទួលបានការឧបត្ថម្ភអង្ករ ៥០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា ៤០,០០០រៀលក្នុងមួយគ្រួសារ។









