
ថ្នាក់ដឹកនាំខេត្តកែប ណែនាំដល់យុវជនជំនាន់ក្រោយបន្តដាំដើមឈើ និងថែរក្សាព្រៃឈើអោយបានគង់វង្សយូរអង្វែង
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែបមានប្រសាសន៍ លើកឡើងបែបនេះ ក្នុងពិធីអបអរសាទរ រុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅក្នុងវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ចរិយាវង្ស ដែលមានការអញ្ជើញចូលរួមជាអធិបតីសំណាក់ ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងអមដំណើរដោយលោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងទាំងបី អាជ្ញាធរក្រុង ស្រុក លោក ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ យុវជន ព្រមទាំងសិស្សានុសិស្សសរុប៤១០នាក់។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ លើកឡើងថា ការប្រារព្ធ រុក្ខទិវា ០៩ កក្កដា ដែលមានការដាំដើមឈើជានិមិត្តរូប គឺជាការបំផុសចលនាដល់យុវជនជំនាន់ក្រោយឲ្យយល់ដឹងពីសារសំខាន់នៃព្រៃឈើចំពោះជីវិតមនុស្សសត្វ និងចេះស្រលាញ់ និងថែរក្សាព្រៃឈើ ព្រោះព្រៃឈេីអាចរក្សាអាកាសធាតុអោយមានលំនឹងនៃប្រក្រតីភាពបរិស្ថានសម្រាប់ជីវិតលើផែនដី និងវិស័យកសិកម្ម។ ដូចនេះយើងទាំងអស់គ្នាត្រូវតែគិតគូរដោយស្មារតីភ្ញាក់រលឹកខ្ពស់ចូលរួមថែរក្សាការពារអភិរក្សព្រៃ និងទីជម្រកនៃជីវចម្រុះក្នុងខេត្តរបស់យើងអោយមាននិរន្តរភាពដោយតម្រូវចូលរួមដាំដើមឈើម្នាក់១ដើម ក្នុងមួយជីវិត។









