
ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំប្រតិភូក្រសួងព័ត៌មាន គោរពវិញ្ញាណក្ខន្ធសពឯកឧត្តមបណ្ឌិត ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព
ភ្នំពេញ៖ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំប្រតិភូក្រសួងព័ត៌មាន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវជាឪពុកបង្កើតរបស់ឯកឧត្តម ហ៊ីវ ជននាថ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានទទួលមរណភាពកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ដោយរោគាពាធ ក្នុងជន្មាយុ ៧៦ឆ្នាំ។ ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងប្រតិភូក្រសួងព័ត៌មាន បានសម្តែងនូវសមានចិត្តដ៏ក្រៀមក្រំ និងចូលរួមរំលែកទុក្ខដ៏សែនសោកស្តាយជាមួយឯកឧត្តម ហ៊ីវ ជននាថ ព្រមទាំងក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ឪពុកជាទីគោរពស្រឡាញ់ ដែលជាការបាត់បង់ដ៏ធំធេងមួយសម្រាប់កូនចៅ និងក្រុមគ្រួសារ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន សូមចូលរួមរំលែកទុក្ខដោយស្មោះអស់ពីដួងចិត្ត និងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ឯកឧត្តមបណ្ឌិត ហ៊ីវ សុវណ្ណ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕







