
ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់គ្រួសាររងគ្រោះដោយហេតុការណ៍លិចទូក
ខេត្តកែប៖ នាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់គ្រួសារដែលបានរងគ្រោះដោយហេតុការណ៍លិចទូក កាលពីខែឧសភា ឆ្នាំ២០២៦ បណ្តាលឱ្យម្ដាយម្នាក់ និងកូនប្រុសពីរនាក់បាត់បង់ជីវិត ដោយបន្សល់ទុកស្វាមី និងកូនស្រីម្នាក់ រស់នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការសោកស្តាយ និងរំលែកទុក្ខជាថ្មីចំពោះការបាត់បង់ដ៏ធំធេងរបស់ក្រុមគ្រួសារ ព្រមទាំងបានលើកទឹកចិត្តឱ្យសមាជិកគ្រួសារខិតខំតស៊ូជំនះការលំបាក និងបន្តកសាងជីវភាពរស់នៅ។ ទន្ទឹមនោះឯកឧត្តមក៏បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនគ្រួសារ និងបានផ្តាំផ្ញើយ៉ាងកក់ក្តៅដល់ក្មួយស្រី ដែលជាសមាជិកគ្រួសារនៅសល់ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីកសាងអនាគតរបស់ខ្លួន ជួយគ្រួសារ និងក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិនាពេលអនាគត៕ អត្ថបទ៖ លោក សេស សង់ រូបភាព៖ ម៉ាត់ អ៊ូស្មាន និងហុីម ហ្សៃនី មន្ទីរព័ត៌មានខេត្តកែប









