
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចយោធា ជំនាន់ទី១ ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានការពារកោះឆ្នេរ។
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការពារជាតិ បានចាប់ផ្តើមអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ដើម្បីឆ្លើយតបនឹងតម្រូវការការពារជាតិក្នុងពេលបច្ចុប្បន្ន និងអនាគត ព្រមទាំងបង្កើតគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ដើម្បីដឹកនាំ និងរៀបចំការអនុវត្តចាប់ពីឆ្នាំ២០២៦តទៅ។ ក្នុងដំណាក់កាលដំបូងនេះ ក្រសួងការពារជាតិទទួលបានពាក្យស្ម័គ្រចិត្តសរុបចំនួន ១៤.៦៤៦នាក់ ក្នុងនោះមានស្ត្រី ២.៤១៧នាក់។ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងការពារជាតិជ្រើសរើសយុវជនចំនួន ១០.០០០នាក់ សម្រាប់ឆ្នាំ២០២៦ ដោយបែងចែកជាពីរវគ្គ។ សម្រាប់វគ្គដំបូង យុវជនចំនួន ៥.០០០នាក់ ត្រូវបានជ្រើសរើស និងហ្វឹកហ្វឺននៅតាមសាលាហ្វឹកហ្វឺនទាំង៨ របស់ក្រសួងការពារជាតិរយៈពេល៣ខែ មុននឹងបញ្ជូនទៅបំពេញការងារជាក់ស្តែងនៅតាមកងឯកភាពនានា។





