
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញអមដំណើរ និងចូលរួមអបអរសាទរ សិស្សជ័យលាភីនិទ្ទេស A ក្នុងពិធីសំណេះសំណាលជាមួយ សម្តេចធិបតី នាយករដ្ឋមន្ត្រី
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី រួមជាមួយថ្នាក់ដឹកនាំខេត្ត និងលោក ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងមាតាបិតា អាណាព្យាបាលសិស្សានុសិស្ស បានអញ្ជើញចូលរួមយ៉ាងកក់ក្តៅក្នុង «ពិធីសំណេះសំណាលជាមួយសិស្សដែលប្រឡងជាប់និទ្ទេស A» នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឆ្នាំសិក្សា២០២៥-២០២៦។ ពិធីដ៏មហានព្វឫក្សនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។










