
កម្ពុជាបដិសេធការចោទប្រកាន់ដដែលៗរបស់ថៃ និងតវ៉ាចំពោះសកម្មភាពគ្មានការអនុញ្ញាតនៅតាមទីតាំងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍ដែលមានអត្ថន័យសង្ខេបដូចខាងក្រោម៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា បដិសេធយ៉ាងម៉ឺងម៉ាត់ និងដាច់ខាតចំពោះការចោទប្រកាន់ជាបន្តបន្ទាប់របស់អាជ្ញាធរយោធាថៃ ដែលថាកម្ពុជាបានប្រើប្រាស់ទីតាំងប្រាសាទបុរាណសម្រាប់គោលបំណងយោធា។ ការចោទប្រកាន់ដែលគ្មានមូលដ្ឋានទាំងនេះ បានបំភ្លៃការពិត បំភាន់សាធារណជន បំភាន់សាធារណមតិ និងបង្វែរការយកចិត្តទុកដាក់ចេញពីការបំផ្លិចបំផ្លាញ និងការខូចខាតដែលកងកម្លាំងប្រដាប់អាវុធថៃបានបង្កឡើងចំពោះបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។ កម្ពុជាសូមបញ្ជាក់ជាថ្មីថា ប្រាសាទបុរាណ និងទីតាំងបុរាណវិទ្យា គឺជាទីតាំងដែលមានសារៈសំខាន់ផ្នែកវប្បធម៌ និងប្រវត្តិសាស្ត្រ ព្រមទាំងជាទីកន្លែងសម្រាប់ការគោរពបូជាសាសនា ការអភិរក្ស ការស្រាវជ្រាវ ការអប់រំ និងទេសចរណ៍ មិនមែនជាមូលដ្ឋានយោធាឡើយ។ ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ក្នុងករណីមានជម្លោះប្រដាប់អាវុធ និងអនុសញ្ញា ឆ្នាំ១៩៧២ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារបេតិកភណ្ឌវប្បធម៌របស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ។








